ជីវប្រវត្តិសង្ខេប


មុនពុទ្ធសករាជ៨០ឆ្នាំ មានព្រះរាជាណាចក្រតូចមួយឈ្មោះសក្កជនបទមានទីក្រុងកបិលវត្ថុ​ឬជារាជធានីដែលស្ថិតនៅក្រោម អាណាគ្រប់គ្រងរបស់
ព្រះបាទបសេនទិនាក្រុងសាវត្ថីក្នុងដែនកោសល កាលណោះព្រះបាទសុទ្ធោធនៈជារាជាធិបតេយ្យបានរាជាភិសេកជាមួយព្រះនាងមាយាជាអគ្គមហេសីហើយក្រោយមកក៏បានប្រសូត្រព្រះរាជបុត្រាមួយព្រះអង្គព្រះនាមថា សិទ្ធត្ថកុមារក្នុងព្រះរាជត្រកូលគោតម។ កាលព្រះជន្មាយុគ្រប់៨ វស្សាព្រះកុមារតូចក៏បានទទួលការសិក្សានូវវិជ្ជាផ្សេងៗដូចជា អក្សរសាស្ដ្រ យុទ្ធសាស្ដ្រ សិល្បៈក្នុងការគ្រប់គ្រង។ល។ លុះជន្មាយុគ្រប់១៦ព្រះវស្សាព្រះ រាជជនកជននីក៏បានរៀបចំព្រះរាជពិធីអភិសេកអាវាហមង្គលជាមួយព្រះនាងយសោធរា(ពិម្ពា)ឲ្យជាព្រះរាជជាយា។ តាំងពីតូចរហូតដល់ព្រះវរកាយចម្រើនពេញវ័យព្រះអង្គពុំដែលបានចេញទៅខាងក្រៅព្រះរាជវាំងម្តងណាឡើយលុះមានថ្ងៃមួយព្រះអង្គនិងអាមាត្យ ឆន្នៈបានលួចចេញទៅដើម្បីទស្សនាទតមើលជីវភាពរបស់ប្រជារាស្ត្រសាមញ្ញធម្មតា។ ថ្ងៃដំបូងព្រះអង្គបានទតឃើញជនចំណាស់ដើរទ្រេតទ្រោតកាន់ ឈើច្រត់ព្រយង់អាត្មាស្ទើរតែមិនរួចតាមដងវិថីឯថ្ងៃទីពីរបានទតឃើញជនអាពាធមានជម្ងឺដេកបម្រះននៀលស្រែកថ្ងូររហ៊ឺសដោយទុក្ខវេទនាសម្រាប់ ថ្ងៃទីបីព្រះក៏បានទតព្រះនេត្រឃើញសពមនុស្សឡោមព័ទ្ធទៅដោយពួកញាតិៗទួញយំស្តាយស្រណោះអាឡោះអាល័យ។ដោយប្លែក ព្រះទ័យព្រះអង្គក៏ បានសាកសួរឆន្នាមាត្យថា តើពួកមនុស្សទាំងអស់នេះចុះហេតុអ្វីទើបបានមានអាការៈខុសប្រក្រតីដូច្នេះ? អាមាត្យតបថា មិនចំពោះតែពួកគេនោះទេ ទូលព្រះបង្គំក៏ដោយ ព្រះវររាជបិតាមាតាឬព្រះរាជទេពី ឬសូម្បីតែព្រះអង្គផ្ទាល់ក្តីក៏នឹងជួបប្រទះជាក់ជាមិនខាននូវជរាភាព ព្យាធិភាព និងមរណភាព។ បាន ព្រះសណ្តាប់ឮដូច្នោះ ព្រះអង្គតក់ស្លត់ក្នុងព្រះហ្ឫទ័យយ៉ាងខ្លាំងដែលបានដឹងថា មនុស្សគ្រប់រូបមិនអាចគេចផុតពីសភាពកើត ចាស់ ឈឺ ស្លាប់បានតែដោយ ចៃដន្យក្នុងថ្ងៃទីបួនព្រះអង្គ បានទតឃើញពូកសមណអ្នកបួសស្វែងរកមោក្ខធម៌ហើយឆន្នាមាត្យពណ៌នាថាព្រះគុណម្ចាស់ទាំងនេះកំពុងតែស្វែងរកនូវទី រំលត់ទុក្ខដោយវិធីអង្គុយស្មឹងស្មាធិ៍ ដូច្នេះឯង។ តាំងតែថ្ងៃនោះមកព្រះអង្គពុំដែលព្រះកម្សាន្តសប្បាយក្នុងព្រះហ្ឫទ័យឡើយព្រះអង្គសញ្ជឹងគិតដល់ទេវទូត ទាំង៤ហើយគិតរកផ្លូវចេញព្រះផ្នួសស្វែងរកមោក្ខធម៌។ ព្រះអង្គព្រះបរិវិតក្កៈដូច្នេះរហូតដល់ព្រះជន្មវស្សាគ្រប់២៩ព្រះវស្សា គាប់ជួននារាត្រីពេញបុណ្ណមី ព្រះច័ន្ទពេញវង់នោះ ព្រះរាជោរស រាហុលក៏បានប្រសូត្រ។ ព្រះរាជហ្ឫទ័យស្នេហាពាន់គុណ ហ្មឺនគុណបានស្រោចស្រប់ហើយលើព្រះរាហុល រាជឱរស ព្រះអង្គរំពឹងឃើញថា បណ្តាញសំណាញ់បានចាក់ស្រេះហើយក្នុងហ្ឫទ័យអញ តែអញនឹងចេញស្វែងរកមោក្ខធម៌នាកាលឥឡូវនេះឯង។ ព្រះអង្គស្តេចយាងទៅរកឆន្នាមាត្យឲ្យនាំសេះកណ្ឋកៈមកថ្វាយហើយព្រះតាមដោយឆន្នៈធ្វើដំណើរត្រង់ឆ្ពោះទៅកាន់ព្រែភ្នំហើយទ្រង់ដាក់ព្រះកេស ប្រផ្នួសនាមាត់ស្ទឹងអនោមានិងបញ្ជូនឆន្នាមាត្យនិងសេះកណ្ឋកៈព្រមទាំងគ្រឿងរាជឥស្សរិយយសទៅកាន់ព្រះបរមរាជវាំងវិញ។ ក្រោយពីទ្រង់ ប្រផ្នូសជាតាបសឥសីព្រះអង្គក៏បានចូលទៅស្នាក់អាស្រ័យសិក្សាក្នុងសំណាក់អាចារ្យទាំងពីរមានឧទកតាបសជាដើមរហូតដល់បានសម្រេចវិជ្ជាខ្ពង់ខ្ពស់ ក្នុងសំណាក់គ្រូទាំងពីរចេះចប់អស់ ហើយព្រះអង្គក៏បានបំពេញទុក្ករកិរិយាមានការអត់ព្រះក្រយាហារជាដើមអស់៦ឆ្នាំដោយមានឥសីបញ្ចវគ្គិយ៍ គឺ កោណ្ឌញ្ញៈ វប្បៈ ភទ្ទិយៈ មហានាមនិងអស្សជិចាំបម្រើ។ ដោយការប្រព្រឹត្តបតិបត្តិក្នុងខ័ណ្ឌឧក្រិដ្ឋតែក៏ពុំបានផល ព្រះអង្គក៏ងាក់មកប្រតិបត្តិ តាមផ្លូវកណ្តាលមិនតឹងពេក មិនធូពេកពោលគឺមជ្ឈិមាបដិបទាហ្នឹងឯង។ ពួកបញ្ចវគ្គិយ៍យល់ឃើញថា ការធ្វើទុក្ករកិរិយាប៉ុណ្ណោះទើបជាមាគ៌ានាំទៅរក ការត្រាស់ដឹងបាន តែផ្ទុយស្រឡះព្រះអង្គត្រឡប់ឆាន់ព្រះក្រយាហារវិញ ព្រោះ
ការស្វែងរកមោក្ខធម៌ពុំទាក់ទងនឹងរាងកាយនោះទេ តែជារឿងរបស់ផ្លូវចិត្តប៉ុណ្ណោះ។ ហេតុការណ៍នេះធ្វើឲ្យពួកឥសីទាំង៥អង្គបោះបង់ព្រះសមណគោតមឲ្យនៅតែឯងឯកោ
ហើយបាននាំគ្នាទៅបំពេញតបៈក្នុងព្រៃឥសិបតនម្រឹគទាយវ័នវិញ។នៅព្រឹកនៃថ្ងៃពេញបូរមីខែវិសាខ ព្រះអង្គបានទទួលនូវមធុបាយាសរបស់នាងសុជាតាជាព្រះក្រយាហារ
ហើយបានប្រថាប់គង់ក្នុងឥរិយាបថព្រះភ្នែនដោយតាំងចិត្តអធិដ្ខានថានឹងមិនព្រមក្រោកចេញពីគល់ពោធិ៍ដើមនេះជាដាច់ខាតដរាបសម្រេច អនុត្តរសម្មាសម្ពោធិញ្ញាណ។នារាត្រីថ្ងៃ
នោះឯងព្រះអរហន្តសម្មសម្ពុទ្ធក៏បានកើតឡើងហើយក្នុងលោក ព្រះធម៌ក៏បានកើតឡើងហើយក្នុងលោក។ ក្រោយការត្រាស់ដឹងព្រះអង្គបានចំណាយពេលអស់៧សប្តាហ៍ក្នុង
ការសោយវិមុត្តិសុខ និងការពិចារណាព្រះធម៌ផ្សេងៗមានបដិច្ចសមុប្បាទធម៌ជាដើម។
ព្រះអង្គទ្រង់ប្រោសបញ្ចវគ្គីយ៍
បន្ទាប់មកព្រះអង្គស្តេចយាងដោយព្រះបាទផ្ទាល់ឆ្ពោះទៅកាន់ព្រៃឥសិបតនម្រឹគទាយវ័ន
ហើយទ្រង់ប្រោសសម្តែងព្រះធម្មចក្កប្បវត្តនសូត្រដល់ពួកបញ្ចវគ្គិយ៍មានព្រះកោណ្ឌញ្ញៈជាដើមឲ្យបានត្រាស់ដឹងតាមគ្រប់ៗអង្គ ហើយតាំងពីពេលនោះមកព្រះធម្មចក្រ ក៏បានវិល
តាំងតែពេលនោះដរាបដល់សព្វថ្ងៃនេះឯង។

ព្រះរតនត្រ័យ

គឺជា(មានសរសេរត)

ពុទ្ធរតនៈ

ពុទ្ធរតនៈបានជាគេចាត់ទុកព្រះពុទ្ធថាជារតនៈគឺកែវនោះ ព្រោះតែព្រះអង្គប្រសើរដោយសីលាទិគុណ វិសុទ្ធិគុណ និងបញ្ញាទិគុណ។ ព្រះអង្គទ្រង់ប្រព្រឹត្តនូវប្រយោជន៍៣ប្រការមាន
ប្រយោជន៍ដើម្បីបាននូវព្រះសម្មាសម្ពោធិញ្ញាណព្រះអង្គឯងផង ប្រយោជន៍ព្រះញាតិព្រះអង្គផង និងប្រយោជន៍ជួយស្រោចស្រង់សត្វលោកផង។ ម្យ៉ាងវិញទៀតព្រះអង្គជាសាស្តាចារ្យនៃ
ទេវតានិងមនុស្សទាំងឡាយផង ព្រះអង្គបែងចែកចំនែកព្រះធម៌ពាក្យប្រៀនប្រដៅដល់សត្វលោកទូៗទៅស្មើរៗគ្មាផង ព្រះអង្គប្រកបដោយទសពលញ្ញាណផង និងញាណដ៏ទៃទៀត
៧៣ប្រការផង និងព្រះអង្គជាទីពឹងដ៏ប្រសើររបស់សត្វលោកផង ព្រះអង្គឆ្លៀវឆ្លាតក្នុងការសម្តែងធម៌ប្រោសវេនេយ្យសត្វផង ទើបបានឈ្មោះថាជាពុទ្ធរតនៈដោយប្រការដូច្នេះ។

ធម្មរតនៈ


ព្រះធម៌ដែលអ្នកសិក្សាបតិបត្តិគប្បីបានគឺ ទិដ្ឋធម្មិកត្ថ ប្រយោជន៍បច្ចុប្បន្ន សម្បរាយិកត្ថ ប្រយោជន៍ជាតិខាងមុខ និងបរមត្ថ ប្រយោជន៍ប្រសើរបំផុតគឺព្រះនិព្វានដែល
ព្រះសង្គីតិកាចារ្យទាំងឡាយបានប្រមូលរួបរួមទុកក្នុងគម្ពីព្រះត្រ័យបិដកទាំង៨៤០០០ព្រះធម្មក្ខ៍ន្ធដែលចែកជាវិនយបិដក២១០០០ព្រះធម្មក្ខ៍ន្ធ សុត្តន្តបិដក២១០០០
ព្រះធម្មក្ខ៍ន្ធ និងអភិធម្មបិដក៤២០០០ព្រះធម្មក្ខ៍ន្ធ។ ផ្តើមតាំងតែព្រះបឋមទេសនាគឺការសម្តែងព្រះធម្មចក្កប្បវត្តនសូត្រដែលព្រះអង្គទ្រង់បំនែក អរិយសច្ចធម៌ជា៤ប្រការ
មានទុក្ខារិយសច្ច សមុទយារិយសច្ច និរោធារិយសច្ច និងមគ្គារិយសច្ច ហើយដែលជារឿយៗព្រះអង្គទ្រង់ដឹកនាំសត្វឲ្យដើរតាមអរិយដ្ឋង្គិកមគ្គ គឺមាគ៌ាមានអង្គ៨មានសម្មាទិដ្ឋិ
សម្មាសង្កប្បជាដើម និងមានសម្មាសមាធិជាបរិយោសានថាជាផ្លូវកណ្តាលនាំឆ្ពោះទៅកាន់ទីរំលត់ទុក្ខពោលគឺព្រះនិព្វានហ្មឹងឯង។ ក្រៅពីអរិយសច្ច៤ នៅមានត្រៃលក្ខណ៍
គឺទុក្ខំ អនិច្ចំ អនត្តា (Three Universal Characteristics: impermanence, suffering and non-self)និងបដិច្ចសមុប្បាទធម៌ដែលសម្តែងរឿងហេតុបច្ច័យនៃធម៌ទាំងឡាយមាន
អធិប្បាយពិស្តារក្នុង គម្ពីមហាបដ្ឋានប្បករណ៍ដែលចែកចេញជា២៤បច្ច៍យមានហេតុប្បច្ច័យជាដើម។ ព្រះពុទ្ធសាសនាតែងលើកឡើងពីកម្មផល ហេតុដូច្នេះព្រះសម្មាសម្ពុទ្ធ

សង្ឃរតនៈ


សង្ឃរតនៈគឺពួកក្រុមដែលប្រព្រឹត្តបតិបត្តិតាមគន្លងព្រះធម៌នៃព្រះសម្មាសម្ពុទ្ធជាម្ចាស់នោះឯង។ ព្រះសង្ឃអង្គសាវ័កជាអ្នកប្រតិបត្តិល្អ ប្រតិបត្តិត្រង់តាមផ្លូវមជ្ឈិមា
បដិបទាប្រតិបត្តិ ដើម្បីចេញចាកទុក្ខ និងប្រតិបត្តិដ៏សមគួរដល់សាមីចិកម្ម។ ព្រះសង្ឃមានពីរពូកគឺសម្មតិសង្ឃ សង្ឃជាបុថុជ្ជននៅឡើយ និងអរិយសង្ឃ សង្ឃជាព្រះអរិយៈ
ទាំងឡាយបានដល់ព្រះសោតាបន្នបុគ្គល១ ព្រះសកទាគាមិបុគ្គល១ ព្រះអនាគាមិបុគ្គល១ ព្រះអរហន្តាខីណាស្រព១។ ព្រះអរិយសង្ឃទាំង៤ពួកនេះលោកចាត់ទុកថាជាសង្ឃ
រតនៈដ៏ប្រសើររបស់សត្វលោក។