អានិសង្សរបស់សីល

សីលរបស់បុគ្គលដែលបានសមាទានហើយ ដុសខាត់ឲ្យស្អាតផូរផង់បរិសុទ្ធ នឹងមានអានិសង្សច្រើន ក្នុងគម្ពីរវិសុទ្ធិមគ្គមានសេចក្តីថា កាលបើសីលបរិសុទ្ធហើយ ជាបច្ច័យ
កើតឡើងអវិប្បដិសារៈ សេចក្តីមិនក្តៅក្រហាយស្តាយក្រោយ ។កាលបើអវិប្បដិសារៈកើតឡើងហើយ ជាបច្ច័យឲ្យកើតបមោជ្ជៈ សេចក្តីរីករាយទន់ កាលបើបមោជ្ជៈកើតឡើងហើយ
ជាបច្ច័យឲ្យកើតបីតិ សេចក្តីឆ្អែតចិត្ត កាលបើបីតិកើតឡើងហើយ ជាបច្ច័យឲ្យកើតបស្សទ្ធិ សេចក្តីស្ងប់កាយស្ងប់ចិត្ត កាលបើបស្សទ្ធិកើតឡើងហើយ ជាបច្ច័យឲ្យកើតសុខៈ
សេចក្តីស្រួលកាយនិងចិត្ត កាលបើសុខៈកើត ឡើងហើយ ជាបច្ច័យឲ្យកើតសមាធិ ការតម្កល់ចិត្តនឹង កាលបើសមាធិកើតឡើងហើយ ជាបច្ច័យឲ្យកើតយថាភូតញ្ញាណទស្សនៈ
បញ្ញាដឹងច្បាស់ឃើញច្បាស់នូវធម៌តាមពិត កាលបើយថាភូតញ្ញាណទស្សនៈកើតឡើងហើយ ជាបច្ច័យឲ្យកើតនិព្វិទា សេចក្តីនឿយណាយ កាលបើនិព្វិទាកើតឡើងហើយ
ជាបច្ច័យឲ្យកើតវិរាគៈ ការប្រាសចាកតម្រេក កាលបើវិរាគៈកើតឡើងហើយ ជាបច្ច័យឲ្យកើតវិមុត្តិ ការរួចផុតស្រឡះចាកកិលេស កាលបើវិមុត្តិកើតឡើងហើយ ជាបច្ច័យឲ្យកើត
វិមុត្តិញ្ញាណទស្សនៈ បញ្ញាដឹងច្បាស់ឃើញច្បាស់ថា រួចផុតស្រឡះចាកកិលេស ។

អានិសង្សសីលដទៃទៀត

អានិសង្សរបស់សីល៥ប្រការផ្សេងទៀតគឺៈ

ភោគសម្បត្តិច្រើន


១- សីលវា សីលសម្បន្នោ អប្បមាទាធិករណំ មហន្តំ ភោគក្ខន្ធំ អធិគច្ឆតិ
បុគ្គលអ្នកមានសីល មានសីលបរិបូណ៌ រមែងបាននូវគំនរភោគសម្បត្តិដ៏ច្រើន ដែលមានសេចក្តីមិនប្រមាទជាហេតុ ។

កល្យាណកិត្តិស័ព្ទ


២- សីលវតោ សីលសម្បន្នស្ស កល្យាណា កិត្តិសទ្ទោ អព្ភុគច្ឆតិ
កល្យាណកិត្តិស័ព្ទរបស់អ្នកមានសីល មានសីលពេញលេញ រមែងផុសផុលឡើង ។

ក្លៀវក្លាមិនអៀនអន់


៣- សីលវា សីលសម្បន្នោ យញ្ញទេវ បរិសំ ឧបសង្កមតិ យទិ ខត្តិយបរិសំ យទិ ព្រាហ្ម
ណបរិសំ យទិ គហបតិបរិសំ យទិ សមណបរិសំ វិសារទោ ឧបសង្គមតិ អមង្កភូតោ
អ្នកមានសីល មានសីលពេញលេញបរិបូណ៌ រមែងចូលទៅកាន់បរិស័ទណាមួយ ទុកជាខត្តិយបរិស័ទក្តី ព្រាហ្មណ៍បរិស័ទក្តី គហបតីបរិស័ទក្តី សមណបរិស័ទក្តី ជាអ្នកក្លៀវ
ក្លាមិនអៀនអន់ចូលទៅរក ។

មិនវង្វេងធ្វើកាលកិរិយា


៤- សីលវា សីលសម្បន្នោ អសម្មុឡ្ហោ កាលំ ករោតិ
អ្នកមានសីល មានសីលពេញបរិបូណ៌ ជាអ្នកមិនវង្វេងធ្វើកាលកិរិយា (ស្លាប់) ។

សុគតិសួគ៌ទេវលោក


៥- សីលវា សីលសម្បន្នោ កាយស្ស ភេទា បរម្មណា សុគ្គតឹ សគំ លោកំ ឧបបជ្ជតិ
អ្នកមានសីល មានសីលពេញបរិបូណ៌ បន្ទាប់អំពីបែកធ្លាយកាយទៅ រមែងចូលទៅកើតក្នុងសុគតិសួគ៌ទេវលោក ។