សិក្ខាបទ៥



សិក្ខាបទ៥ (បាលី បញ្ចសីលានិ, សំស្ក្រឹត បញ្ចសីលានិ) គឺជាសិក្ខាបទចាំបាច់ របស់ពុទ្ធសាសនិកជន ដែលសមាទានដោយគ្រហស្ថ (ឧបាសកនិងឧបាសិកា) ក្នុងសាសនា
ព្រះពុទ្ធសមណគោតម ក្នុងប្រពៃណី ថេរវាទ ហើយនិងប្រពៃណី មហាយាន ផងដែរ ។ សិក្ខាបទនៃប្រពៃណីទាំងពីរនេះ មានសារសំខាន់ដូចគ្នា គឺការប្រកាន់យក កិរិយាវៀរចាកការសម្លាប់សត្វ វៀរចាកការលួចយកទ្រពគេ វៀរចាកការប្រព្រឹត្តខុសក្នុងកាម វៀរចាកការពោលនូវពាក្យកុហក វៀរចាកការសេពគ្រឿងស្រវឹង ។ សមាទានសិក្ខាបទ៥ គឺជាការបតិបត្តិដំបូង និងទៀងទាត់ ប្រកបដោយវិរិយភាព នៃពុទ្ធសាសនិកដែលជាគ្រហស្ថ។ សិក្ខាបទ៥នេះ មិនតាំងឡើងដោយការបង្ខិតបង្ខំទេ ប៉ុន្តែជាក្បួនសំរាប់គ្រហស្ថរៀន ធ្វើដោយស្ម័គ្រចិត្ត ដើម្បីសម្រួលការបតិបត្តិ។

ខាងក្រោមនេះគឺ បញ្ចសិក្ខាបទឬបញ្ចសីលា ជាភាសាខ្មែរនិងបាលី ។
១- បាណាតិបាតា វេរមណី សិក្ខាបទំ សមាទិយាមិ
ប្រែៈ ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាធ្វើនូវសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ ។
២- អទិន្នាទានា វេរមណី សិក្ខាបទំ សមាទិយាមិ
ប្រែៈ ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាកាន់យកនូវវត្ថុដែលគេមិនបានឲ្យ ដោយកាយឬដោយវាចា ។
៣- កាមេសុ មិច្ឆាចារា វេរមណី សិក្ខាបទំ សមាទិយាមិ
ប្រែៈ ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ។
៤- មុសាវាទា វេរមណី សិក្ខាបទំ សមាទិយាមិ
ប្រែៈ ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាពោលនូវពាក្យកុហក ។
៥- សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី សិក្ខាបទំ សមាទិយាមិ
ប្រែៈ ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរានិងមេរ័យ ។

អង្គរបស់សិក្ខាបទ

១. បាណាតិបាតា មានអង្គ៥គឺ ៖
  • សត្វមានជីវិត
  • សេចក្តីដឹងថាសត្វមានជីវិត
  • គិតនឹងសំលាប់
  • ព្យាយាមនឹងសំលាប់
  • សត្វស្លាប់ដោយព្យាយាមនោះ
២.អទិន្នាទាន មានអង្គ៥គឺ ៖
  • ទ្រព្យដែលម្ចាស់គេហួងហែងរក្សា
  • សេចក្តីដឹងថាទ្រព្យមានម្ចាស់របស់គេហួងហែងរក្សា
  • គិតនឹងលួច
  • ព្យាយាមនឹងលួច
  • លួចបានមកដោយព្យាយាមនោះ
៣. កាមេសុមិច្ឆាចារ មានអង្គ៤គឺ ៖
  • ស្ត្រីដែលមានគេហួងហែងរក្សា
  • គិតនឹងសេពមេថុនធម្មនឹងស្ត្រីនោះ
  • ព្យាយាមនឹងសេពនូវមេថុនធម្ម
  • ញុំាងមគ្គនឹងមគ្គអោយដល់គ្នា
៤.មុសាវាទ មានអង្គ៤គឺ ៖
  • វត្ថុមិនពិត
  • គិតនឹងពោលអោយខុស
  • ព្យាយាមនឹងពោលអោយខុស
  • ញុំាងអ្នកដទៃអោយដឹងច្បាស់នូវសេចក្តីនោះ
៥. សុរាមេរយ មានអង្គ៤គឺ ៖
  • វត្ថុជាទីតាំងនៃសេចក្តីស្រវឹង គឺសុរានិងមេរ័យ
  • គិតបំរុងនឹងផឹក
  • ព្យាយាមនឹងផឹកនូវទឹកស្រវឹងនោះ
  • បានផឹកទឹកស្រវឹងនោះអោយកន្លងបំពង់កចូលទៅ

ការរក្សាឧបោសថសីល

ឧបាសក ឧបាសិកា ជាអ្នករក្សានូវឧបោសថសីល កាលបើដល់ថ្ងៃជិតនឹងរក្សានូវឧបោសថសីល គឺថ្ងៃមុន១ថ្ងៃដែលកំណត់ថា ព្រឹកឡើងនឹងរក្សានូវឧបោសថសីលនោះ
គប្បីចាត់ចែងការងារដែលគួរនឹងចាត់ចែង មានការចាត់ចែងនូវអាហារជាដើម ដែលជាការងារគឺខ្លួននឹងត្រូវធ្វើ ឬនឹងត្រូវប្រើឲ្យគេធ្វើក្នុងថ្ងៃស្អែក គឺក្នុងថ្ងៃឧបោសថកាល ឲ្យ
ហើយក្នុងថ្ងៃនោះមុន តែកុំចាត់ចែងការងារដែលមិនប្រកបដោយធម៌ ដែលជាការងារគឺខ្លួនជាឧបាសក ឧបាសិកា មិនគួរនឹងចាត់ចែងនោះឡើយ ។ លុះដល់ថ្ងៃព្រឹកឡើង
ជាថ្ងៃឧបោសថកាល ត្រូវរក្សាឧបោសថសីល គប្បីភ្ញាក់ឡើងពីព្រលឹមហើយខ្ពុរមាត់ ជំរះធ្មេញឲ្យស្អាតរួចហើយ ទើបបានសមាទាននូវឧបោសថសីលក្នុងថ្ងៃនោះក៏ជាការប្រពៃ
បើឃើញថានឹងសមាទានពីព្រលឹមនោះមិនទាន់ទេ ក៏គប្បីកំណត់នូវឧបោសថកាល គឺកាលជាទីរក្សានូវឧបោសថសីល ក្នុង១ថ្ងៃ១យប់នោះដោយបញ្ចេញវាចាអធិដ្ឋានថា៖
អជ្ជ ឧបោសថោ ឥមញ្ច រត្តឹ ឥមញ្ច ទិវសំ ឧបោសថិកោ ភវិស្សាមិ់់់ (ឧបាសិកាត្រូវថា ឧបោសថិកា)
ថ្ងៃនេះជាថ្ងៃត្រូវរក្សានូវឧបោសថសីល ខ្លួនអញនឹងជាអ្នករក្សានូវឧបោសថសីល អស់ថ្ងៃនេះនិងយប់នេះ ។ កាលបើបានអធិដ្ឋានដូច្នេះរួចហើយ តអំពីពេលនោះមក ក៏គប្បី
សមាទាននូវឧបោសថសីល អំពីបុគ្គលដទៃមានភិក្ខុជាដើម តាមកាលគួរ បើទុកជាដល់ពេលព្រះអាទិត្យរះខ្ពស់ឡើង ប្រមាណពេញពន្លឺធំទើបបានសមាទានក្តី ក៏ឈ្មោះ
ថាបានសមាទានដោយប្រពៃ ឈ្មោះថាបានរក្សានូវឧបោសថសីល ពេញកាលកំណត់១ថ្ងៃ១យប់ដោយបរិបូណ៌ ។

ពាក្យសុំសមាទានឧបោសថសីល

កាលបើឧបាសក ឧបាសិកា នឹងសមាទាននូវឧបោសថសីល ប្រកបដោយអង្គ៨ ជាបច្ចេកសមាទាន អំពីភិក្ខុនោះ ត្រូវសូត្រនមស្ការ ហើយសូមនូវឧបោសថសីលព្រមទាំង
ព្រះត្រៃសរណគមន៍ ចំពោះភិក្ខុថា៖
ឧកាស អហំ ភន្តេ វិសុំ វិសុំ រក្ខនត្ថាយ តិសរណេន សហ អដ្ឋសីលានិ យាចា មិ
ទុតិ យម្បិ អហំ ភន្តេ វិសុំ វិសុំ រក្ខនត្ថាយ តិសរណេន សហ អដ្ឋសីលានិ យាចា មិ
តតិ យម្បិ អហំ ភន្តេ វិសុំ វិសុំ រក្ខនត្ថាយ តិសរណេន សហ អដ្ឋសីលានិ យាចា មិ
សូមគោរព បពិត្រព្រះករុណាដ៏ចម្រើន ខ្ញុំព្រះករុណា (ទាំងឡាយ) សូមនូវសីលទាំងឡាយ៨ មួយអន្លើដោយព្រះត្រៃសរណគមន៍ ដើម្បីប្រយោជន៍នឹងរក្សាផ្សេងៗគ្នា
បពិត្រព្រះករុណាដ៏ចម្រើន ខ្ញុំព្រះករុណា (ទាំងឡាយ) សូមនូវសីលទាំងឡាយ៨ មួយអន្លើដោយព្រះត្រៃសរណគមន៍ ដើម្បីប្រយោជន៍នឹងរក្សាផ្សេងៗគ្នា
ជាគំរប់២ដងផង ជាគំរប់៣ដងផង ។

ឧបោសថសីល


បាណាតិបាតា វេរមណី សិក្ខាបទំ សមាទិយាមិ
ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាធ្វើនូវសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ ។
អទិន្នាទានា វេរមណី សិក្ខាបទំ សមាទិយាមិ
ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាកាន់យកនូវវត្ថុដែលគេមិនបានឲ្យ ដោយកាយឬដោយវាចា ។
កាមេសុ មិច្ឆាចារា វេរមណី សិក្ខាបទំ សមាទិយាមិ
ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ។
មុសាវាទា វេរមណី សិក្ខាបទំ សមាទិយាមិ
ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាពោលនូវពាក្យកុហក ។
សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី សិក្ខាបទំ សមាទិយាមិ
ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរានិងមេរ័យ ។
វិកាលភោជនា វេរមណី សិក្ខាបទំ សមាទិយាមិ
ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាបរិភោគនូវភោជនាហារក្នុងកាលខុស ។
នច្ចគីតវាទិតវិសូកទស្សនមាលាគន្ធវិលេបនធារណបណ្ឌនវិភូសនដ្ឋានា វេរមណី សិក្ខាបទំ សមាទិយាមិ
ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយារាំនិងច្រៀង និងប្រគំ និងមើលនូវល្បែង ដែលជាសត្រូវដល់កុសលធម៌ និងកិរិយាទ្រទ្រង់
និងប្រដាប់និងតាក់តែងស្អិតស្អាងរាងកាយ ដោយផ្កាកម្រងនិងគ្រឿងក្រអូប និងគ្រឿងលាបផ្សេងៗ ។
ឧច្ចាសយនមហាសយនា វេរមណី សិក្ខាបទំ សមាទិយាមិ
ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាក ទីសេនាសនៈដ៏ខ្ពស់ហួសប្រមាណ និងទីសេនាសនៈដ៏ប្រសើរ ។

អ្នកសមាទានសូត្រកំណត់ឧបោសថកាលថា៖


ឥមំ អដ្ឋង្គសមន្នាគតំ ពុទ្ធប្បញ្ញត្តំ ឧបោសថំ ឥមញ្ចរត្តឹ ឥមញ្ចទិវសំ សម្មទេវអភិរក្ខិតុំ សមាទិយាមិ
ខ្ញុំព្រះករុណាសូមសមាទាន នូវឧបោសថសីល ដ៏ប្រកបព្រមដោយអង្គ៨ ដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ ទ្រង់ត្រាស់បញ្ញត្តិទុកហើយនេះ ដើម្បីនឹងរក្សាឲ្យបរិបូណ៌ប្រពៃ
អស់កាលកំណត់ថ្ងៃនេះនិងយប់នេះ សូមកុសលចូលជាឧបនិស្ស័យ ធ្វើឲ្យច្បាស់នូវព្រះនិព្វាន ឰដ៏អនាគតកាលទៅឯមុខនោះហោង ។

ព្រះសង្ឃរំលឹកថា


ឥមានិ អដ្ឋសិក្ខាបទានិ ឧបោសថសីលវសេន ឥមញ្ចរត្តឹ ឥមញ្ចទិវសំ សាធុកំ កត្វា អប្បមាទេន សម្មារក្ខិតព្វំ
អ្នក (អ្នកទាំងឡាយ) គប្បីធ្វើនូវសិក្ខាបទទាំងឡាយ៨នេះឲ្យប្រពៃ ត្រូវរក្សាឲ្យល្អដោយអំណាចនៃឧបោសថសីល អស់កាលកំណត់ត្រឹម១ថ្ងៃ១យប់នេះ ដោយសេចក្តី
មិនប្រមាទ គឺថាកុំបីធ្វេសប្រហែសឡើយ ។
(អ្នកសមាទានទទួលថា អាម ភន្តេ សាធុ ប្រពៃ)
សីលេន សុគតឹ យន្តិ សីលេនភោគសម្បទា សីលេន និព្វុតឹ យន្តិ តស្មា សីលំវិសោធយេ
សត្វទាំងឡាយ បានទៅកាន់ស្ថានសួគ៌ក៏ព្រោះសីល សត្វទាំងឡាយបានបរិបូណ៌ដោយភោគក៏ព្រោះសីល សត្វទាំងឡាយ បានទៅកាន់ទីរំលត់ទុក្ខ គឺព្រះនិព្វាន
ក៏ព្រោះសីល ព្រោះហេតុនោះ បុគ្គលជាសប្បុរស គប្បីជំរះនូវសីលឲ្យបរិសុទ្ធ កុំឲ្យសៅហ្មង ។
(អ្នកសមាទានត្រូវទទួលថា សាធុ ប្រពៃ )
(ចម្លងចេញពីគិហិបតិបត្តិពិសេស)​