ឈានក្នុងសូត្រជំនាន់ដើម

 ក្នុងគម្ពីរជំនាន់ដើម ឈានបានត្រូវយកមកបង្រៀនថា ជាភាវៈនៃការស្មឹងស្មាធសតិ ឲ្យមូលទៅលើកាយទាំងមូល ដែលចិត្តទៅជាមាន ថាមពលនិងស្ងប់ស្ងៀម ប៉ុន្តែមិនមែនកករឹងឡើយ ហើយក្នុងស្ថានភាពបែបនេះអាចឲ្យគេ ពិនិត្យមើលដំណើរហូរទៅនៃការ ប្រែប្រួល ហើយបញ្ញាក៏កើតឡើង ។ អក្សរសាស្រ្តថេរវាទជំនាន់ក្រោយ ជាពិសេសគម្ពីរព្រះវិសុទ្ធិមគ្គ រាប់រៀបឈានថាជាការជាប់នៅ ដែលអារម្មណ៍ជ្រើសរើសណាមួយ បានស្រូបយកនិងជ្រួតជ្រាប ពេញបរិបូណ៌ទៅក្នុងចិត្ត មានលក្ខណៈជាឯកកត្តា (ចិត្តមូលតែមួយ) ។ ព្រះពុទ្ធខ្លួនព្រះអង្គ ក៏បានចូលកាន់ឈាន ក្នុងការស្វែងរកសម្មាសម្ពោធិញ្ញាណ ដូចបានរៀបរាប់ក្នុងគម្ពីរដើម ហើយក៏គេបានឃើញក្នុងគម្ពីរសុត្តបិដកជារឿយៗ ឲ្យសាវ័កទាំងឡាយចម្រើនឈានជាផ្លូវបតិបត្តិ ដើម្បីការត្រាស់ដឹង និងរំដោះទុក្ខ ។ ចំណុចសំខាន់ នៃការបង្រៀនរបស់ព្រះពុទ្ធ គឺថាអប្បនាសមាធិត្រូវប្រកប ទៅដោយញាណនៃការរំដោះ ។ 

មុននឹងព្រះអង្គចូលបរិនិព្វាន ព្រះពុទ្ធបានចូលក្នុងឈានតាមវិធី អនុលោមនិងបដិលោម ហើយការរលត់នៃជីវិតរបស់ព្រះអង្គ កើតឡើងបន្ទាប់ពីឈានទី៤ ។ ការប្រៀនប្រដៅដ៏ល្បីរបស់ព្រះពុទ្ធ ចំពោះការបដិបត្តិឲ្យបានសម្រេចឈាន គឺ អានាបានស្សតិ ដែលគេរកឃើញក្នុងអានាបានស្សតិសូត្រ និងនៅកន្លែងផ្សេងៗទៀត ។

 

ជាន់ថ្នាក់នៃឈាន

 ក្នុងគម្ពីរបាលី ព្រះពុទ្ធបានសំដែងប្រាប់ អំពីការឡើងកំរឹតនៃឈាន៨ថ្នាក់ ។ ឈាន៤ដំបូងជាសមាធិមានរូប ហៅថារូបជ្ឈាន និងឈាន៤ទៀតជាសមាធិឥតរូប ហៅថាអរូបជ្ឈាន ។ ព្រះពុទ្ធមានព្រះបន្ទូលថា រូបជ្ឈាន ទាក់ទងទៅនឹងការរស់នៅ ដោយរីករាយនិងរួចខ្លួនអំពីទុក្ខ ។ ឈានគឺភាវៈនៃសមាធិ ដែលចិត្តបានរួចចាកនីវរណធម៌៥- កាមច្ឆន្ទ, ព្យាបាទ, ថីនមិទ្ធ, ឧទ្ធច្ចកុក្កុច្ច និងវិចិកិច្ឆា ហើយចាប់តាំងពីទុតិយជ្ឈាន (ឈានទី២) ឡើងទៅ មិនអាចមានគំនិតរាយមាយឡើយ ។ ការចុះស៊ប់ក្នុងឈានអាចតាំងនៅបានជាច្រើនម៉ោង ។ ឈានធ្វើឲ្យចិត្តរបស់អ្នកចម្រើន បានរឹងមាំហើយអាចចូលជ្រៅទៅក្នុងធម្មជាតិពិត នៃវត្តមានរបស់ធម៌ ។ នៅមានការសម្រេចឈាន៤ថ្នាក់ ទៀត ដែលជ្រៅជាងនេះ គឺបានសម្រេចអរូបភព ជួនកាលគេហៅថាអរូបជ្ឈាន ដែល ខុសគ្នាអំពីរូបជ្ឈាន ។ ក្នុងគម្ពីរពុទ្ធិកៈ ពាក្យឈានមិនបានយកមកប្រើ ដើម្បីសំគាល់ថ្នាក់អរូបជ្ឈានទេ ប៉ុន្តែថ្នាក់អរូបជ្ឈាននិមួយៗ ត្រូវគេរាប់រៀងគ្នាបន្តអំពីរូបជ្ឈាន៤មក។ ការត្រាស់ដឹងចំពោះស្ថានអរូប ទាំងអស់ អាចសម្រេចបានកាលណាគេ ឆ្លងផុតឈាងទី៨ ។