ពាក្យថាកម្មបថ មានន័យថា គន្លង ឬ ផ្លូវ នៃអំពើ ។ គន្លងនៃអំពើដែលគេធ្វើ មាន២ចំណែកគឺ ចំណែកខាងអកុសល១ និងចំណែកខាងកុសល១ ។ កម្មបថមានគន្លង៣ គឺ
ផ្លូវកាយមាន៣ហៅថាកាយកម្ម៣, ផ្លូវវាចាមាន៤ហៅថាវចីកម្ម៤, និងផ្លូវចិត្តមាន៣ ហៅថាមនោកម្ម៣ រួមត្រូវជា១០ហៅថា កម្មបថ១០ ។ អ្នករក្សាសីលត្រូវតែយល់ដឹង
ហើយប្រុងប្រយ័ត្នចំពោះកម្មបថ ព្រោះថាកាលបើដាច់កម្មបថត្រង់ប្រការណាមួយ សីលរបស់អ្នកនោះក៏នឹងត្រូវធ្លុះធ្លាយទៅដែរ ។ ក្នុងទីនេះ សូមលើកយកតែកុសលកម្មបថ
មកបរិយាយ ឯការប្រព្រឹត្តផ្ទុយនឹងកុសលកម្មបថ គឺជា អកុសលកម្មបថហើយ ដែលត្រូវវៀរចាក ។

កាយកម្ម៣

១- បាណាតិបាតា វេរមណី
ចេតនាជាហេតុវៀរចាកកិរិយា ធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ ។
២- អទិន្នាទានា វេរមណី
ចេតនាជាហេតុវៀរចាកកិរិយា កាន់យកនូវវត្ថុដែលគេមិនឲ្យដោយកាយឬដោយវាចា ។
៣- កាមេសុមិច្ឆាចារា វេរមណី
ចេតនាជាហេតុវៀរចាកកិរិយា ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ។

                         វចីកម្ម៤

១- មុសាវាទា វេរមណី
ចេតនាជាហេតុវៀរចាកកិរិយា ពោលនូវពាក្យកុហក ។
២- បិសុណាយ វាចាយ វេរមណី
ចេតនាជាហេតុវៀរចាកកិរិយា ពោលនូវពាក្យញុះញង់ស៊កសៀត បំបែកបំបាក់អ្នកដទៃ ។
បិសុណាវាចា មានអង្គ៤គឺៈ
  • ១- ភិន្ទិតព្វោបរោ អ្នកដទៃដែលមានរូប គឺខ្លួនគប្បីញុះញង់បំបែក ។
  • ២- ភេទនបុរេក្ខាតោ គិតនឹងញុះញង់បំបែកបំបាក់អ្នកដទៃនោះ ។
  • ៣- តជ្ជោវាយាមោ ព្យាយាមបំបែកបំបាក់អ្នកដទៃនោះ ។
  • ៤- តស្សតទត្ថវិជ្ជាទនំ ញ៉ាំងអ្នកដទៃឲ្យដឹងច្បាស់នូវដំណើរដែលញុះញង់នោះ។
៣- ផរុសាយ វាចាយ វេរមណី
ចេតនាជាហេតុវៀរចាកកិរិយា ពោលនូវពាក្យអាក្រក់ មានពាក្យទ្រគោះបោះបោក ជេរប្រទេចអ្នកដទៃជាដើម ។
ផរុសវាចា មានអង្គ៣គឺៈ
  • ១- អក្កោសិតព្វោបរោ អ្នកដទៃដែលមានរូប គឺខ្លួនគប្បីជេរប្រទេច ។
  • ២- កុប្បិតចិត្តំ ចិត្តខឹងរន្ធត់ ។
  • ៣- អក្កោសនា បានជេរប្រទេច ។
៤- សម្ផប្បលាបា វេរមណី
ចេតនាជាហេតុវៀរចាកកិរិយា ពោលនូវពាក្យរាយមាយឥតប្រយោជន៍ ។
សម្ផប្បលាប មានអង្គ២គឺៈ
  • ១- ភារតយុទ្ធសិតាហរណាទិនិរត្ថកថា ពាក្យឥតប្រយោជន៍មានរឿងចម្បាំងនៃភារត និងរឿងរាពណ៍លួចនាងសេតាយកទៅជាដើម ។
  • ២- តថារូបឹកថាកថនំ បានពោលនូវពាក្យឥតប្រយោជន៍ មានសភាពដូច្នេះ ។

                    មនោកម្ម៣

១- អនភិជ្ឈា
មិនមានចិត្តគិតសម្លឹងរំពៃចំពោះទ្រព្យរបស់អ្នកដទៃ ដោយគិតបំរុងនឹងឲ្យបានមកជាទ្រព្យរបស់ខ្លួនឡើយ ។
អភិជ្ឈា មានអង្គ២គឺៈ
  • ១- បរភណ្ឌំ ទ្រព្យជារបស់អ្នកដទៃ ។
  • ២- អត្តនោ បរិណាមនំ គិតចង់បង្អោនទ្រព្យរបស់អ្នកដទៃនោះ ឲ្យមកជាទ្រព្យរបស់ខ្លួន ដោយកលឧបាយផ្សេង ៗ ។
២- អព្យាបាទោ
មិនមានចិត្តចងគំនុំគុំគួន គិតប៉ងនឹងឲ្យអ្នកដទៃដល់នូវសេចក្តីវិនាសឡើយ ។
ព្យាបាទ មានអង្គ២គឺៈ
  • ១- បរសត្តោ អ្នកដទៃក្រៅពីខ្លួន ។
  • ២- តស្សតំតំវិនាសចិន្តា គិតចងគំនុំគុំគួននឹងអ្នកនោះ ដល់នូវសេចក្តីវិនាសដោយហេតុនោះ ។
៣- សម្មាទិដ្ឋិ
គំនិតយល់ឃើញត្រូវពិត ហើយប្រកាន់ឡើងថាត្រូវមែន ។
មិច្ឆាទិដ្ឋិ មានអង្គ២គឺៈ
  • ១- វត្ថុនោចគហិតាការវិបរិតតោ ចិត្តប្រែប្រួលដោយអាការៈខុស អំពីព្រះរតនត្រ័យជាដើម ។
  • ២- យថាចនំគណ្ហាគិតថាភាវេនតស្សបដ្ឋានំ គំនិតដែលយល់ខុសនោះ ឃើញខុសយ៉ាងណា ក៏ប្រកាន់សេចក្តីខុសនោះថាជាត្រូវវិញ ។


អង្គនៃកម្មបថនិមួយៗមាន៤យ៉ាង ដូច្នេះកម្មបថមានទាំងអស់៤០ (កម្មបថ១០គុណនឹង ៤ត្រូវជា៤០) ផ្នែកអកុសល៤០និងផ្នែកកុសល៤០ទៀត រួមទាំងអស់ត្រូវជា៨០កម្មបថ ។ ៤យ៉ាងគឹៈ
១- ធ្វើដោយខ្លួនឯង (សម្លាប់សត្វដោយខ្លួនឯង ជាដើម)
២- ប្រើគេឲ្យធ្វើ (ប្រើគេឲ្យសម្លាប់សត្វ ជាដើម)
៣- ពេញចិត្តក្នុងការធ្វើ (ពេញចិត្តក្នុងការសម្លាប់សត្វ ជាដើម)
៤- ពោលសរសើរគុណនៃការធ្វើ (ពោលសរសើរការសម្លាប់សត្វ ជាដើម) ។